អាជ្ញាធរ​ខេត្ត​បាត់ដំបង​៖ ជួយ​ស្រោចស្រង់​ដំណាំ​ស្រូវ​បាន​៥០% ក្នុងស្រុក​ឯក​ភ្នំ​បន្ទាប់​ពី​គ្រោះទឹកជំនន់​

srov5 230818លោក ខាំ សំ​រើប មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០១៨ ក្នុង​កម្មវិធី «​សន្ទនា​មតិ​» ថា​៖ គិត​មកដល់​ថ្ងៃ​ទី​២៣​សីហា​នេះ គ​ម្មា​ធិ​ការគ្រប់គ្រង​គ្រោះមហន្តរាយ បាន​សហការ​ជាមួយ​អង្គភាព ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត បាន​ចុះជួយ​ស្រោចស្រង់​ដំណាំ​ស្រូវ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឯក​ភ្នំ បាន​ចំនួន​៥០% បន្ទាប់ពី​មាន​ការ​រងគ្រោះ​ដោយសារ​ទឹកជំនន់​កាលពី​ពាក់កណ្តាល​ខែ​សីហា​កន្លង​មក​។​
srov1 230818srov2 230818
​ទោះ​យ៉ាងណាក្តី បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ ស្រុក​ឯក​ភ្នំ កំពុង​ត្អូញត្អែរ​ពី​បញ្ហា ខូចខាត​ដំណាំ​ស្រូវ​ដែល​ធ្វើឲ្យ ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការប្រកប​របរ​ធ្វើស្រែ​។ ក្នុងនោះ អ្នកស្រី សួ រស់នៅ ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ បាន​ប្រាប់ថា​៖ ដំណាំ​ស្រូវ​របស់​អ្នកស្រី និង ប្រជាពលរដ្ឋ​ដទៃ​ទៀត​កំពុងតែ​រង គ្រោះ​ដោយ​សារ​ជំនន់​ទឹកភ្លៀង ដំណាំ​ស្រូវ​ខ្លះ​គឺ​មិន​អាច​ស្រោចស្រង់​បានឡើយ​។ អ្នកស្រី សួ បាន​បន្ត ទៀតថា​៖ សង្កេត​ឃើញ​ឃុំ​មួយចំនួន​ក្នុង​ស្រុក​ឯក​ភ្នំ គឺ​ឃើញ​មាន​អាជ្ញាធរ ទៅ​ជួយ​ច្រូត​ប៉ុន្តែ​នៅក្នុង មូលដ្ឋាន​របស់​អ្នកស្រី មិនទាន់​អាជ្ញាធរ​ចុះ​ជួយ​នោះ​ទេ​។​
srov3 230818
​បញ្ហា​នេះ លោក ខាំ សំ​រើប មន្ត្រី​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ ខេត្ត​បាត់ដំបង បាន​ឆ្លើយតប​ថា​៖ គឺ​សុំ​អធ្យាស្រ័យ​ដល់​ប្រជាពលរដ្ឋ​ក្នុង ឃុំ​ពាម​ឯក នៃ​ស្រុក​ឯក​ភ្នំ ចំពោះ​តំបន់​ខ្លះ​ក្រុមការងារ​មិន​បាន​ទៅ​ដល់ ដោយសារ​ក្រុម​ការងារ​ចុះជួយ​ប្រជាពលរដ្ឋ​មាន​កម្រិត​។ ម្យ៉ាងវិញទៀត គឺ​យើង​បាន​សិក្សា និង ចុះជួយ​តំបន់​ណា​ដែល​ប្រឈម​ខ្លាំង​។​
srov4 230818
​គួរបញ្ជាក់​ថា កាល​ព្រឹក​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ ឯកឧត្តម ងួន រ​តន​: អភិបាល នៃ​គណៈ​អភិបាល ខេត្ត​បាត់ដំបង បាន​ដឹកនាំ​មន្ត្រី រាជការ​មន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត​បាត់ដំបង អាជ្ញាធរ​ស្រុក​ឯក​ភ្នំ ព្រមទាំង សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​បាត់ដំបង សរុប ៤៥០​នាក់ ចុះជួយ​ច្រូតស្រូវ​ប្រជាកសិករ នៅ​ចំណុច ចុង​អូរ​ព្រែក​អំបិល ក្នុងភូមិ​បាក់រទេះ ឃុំ​ព្រែក​ហ្លួង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង ដែល​កំពុង រង​ផលប៉ះពាល់​ដោយ​គ្រោះទឹកជំនន់ បាន​ចំនួន ៧​ហិកតា ខណៈ​ដែល​ស្រែ​លិច​ទឹក​មាន​ចំនួន ៣​ឃុំ ក្នុង​ចំណោម​ឃុំ​ទាំងអស់ នៃ​ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​។​

អត្ថបទ​៖ ហ៊ាន វាសនា