តើ​អាជ្ញាធរ​មូលដ្ឋាន​មាន​តួនាទី​អ្វីខ្លះ​ក្នុង​ការជួយ​ស្ត្រី​រងគ្រោះ​ដោយ​អំពើហិង្សា​?

govhelp1 280218នាពេល​បច្ចុប្បន្ន​នេះ​យើង​សង្កេតឃើញ​ថា​អំពើហិង្សា​លើ​ស្ត្រី​មាន​ការថយចុះ​ច្រើន​, ដោយសារតែ​មាន​ការរួម​ចំណែក​ពី​ខាង​អាជ្ញាធរ​ភូមិ ឃុំ ក្នុង​ការចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​។ ក្នុងនោះដែរ​ក៏​ដោយសារ​តែ​ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ច្រើន​ទាក់ទង​ទៅនឹង​ផលប៉ះពាល់​នៃ​អំពើហិង្សា​នេះ​ដែរ​។​

​លោកស្រី ណង ចំណាន សមាជិក​ក្រុមប្រឹក្សា​សង្កាត់ ក្ដុល​ដូនទាវ​មានប្រសាសន៍ថា រាល់​គ្រួសារ​ដែល​មាន​អំពើហិង្សា​កើតឡើង​គឺ​យើង​តែងតែ​មាន​ការទប់ស្កាត់ និង កោះហៅ​ជន​ដែល​ប្រព្រឹត្ត និង ជនរងគ្រោះ​មក​សម្របសម្រួល ពន្យល់​អប់រំ ពី​ផលប៉ះពាល់​នៃ​ការប្រើ​អំពើហិង្សា​ផងដែរ​។
govhelp2 280218
​ប្រិយមិត្ត​មួយរូប មក​ពី​ខាង​ភូមិ​ថ្កូវ ឃុំ​ក្តុល​ដូន​ទាវ បាន​និយាយថា ជា​ការពិត​ណាស់​អំពើហិង្សា​គឺ​មាន​ផលប៉ះពាល់​ច្រើន ជាពិសេស​គឺ​ស្ត្រី​ផ្ទាល់​ដែល​រង​ហិង្សា​នោះ ទាំង​ផ្លូវកាយ ផ្លូវចិត្ត មិន​ត្រឹមតែ​ប៉ុណ្ណោះ ទាំង​កូនៗ​ផងដែរ ។ អ្នកស្រី​ក៏​បាន​លើក​ជា​សំណួរ​ទៀត​ថា ក្រៅ​ពី​ភូមិ​ឃុំ តើ​មាន​ខាង​ណាខ្លះ​ដែល​អាច​ជួយ​ដល់​ស្ត្រី​ដែល​រងគ្រោះ​ដោយ​ហិង្សា​?

​ជា​ការឆ្លើយតប​ពី​លោកស្រី ណង ចំណាន ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី «​យើង​ធ្វើ​បាន​» លោកស្រី​បាន​តប​ថា នៅពេលដែល​មាន​ហិង្សា​កើតឡើង​គឺ​ស្ត្រី​រងគ្រោះ ឬ អ្នកជិតខាង​ដែល​បានឃើញ​អាច​ទំនាក់ទំនង​តាម​លេខ​ទូរស័ព្ទ​ដែល​មាន​ក្នុង​លិខិត​ប័ណ្ណ ដែល​ខាង​ក្រុម​ការងារ​ឃុំ​សង្កាត់​បាន​ចែក​ជូន​។ មួយវិញទៀត​យើង​ក៏​មាន​ខាង អង្គការ​បន្ទាយស្រី មន្ទីរ​កិច្ចការនារី អង្គការ​អភិវឌ្ឍន៍​ស្ត្រី និង អង្គការ​នានា​មួយចំនួន​ទៀត​ដែល​ធ្វើការ​ពាក់ព័ន្ធ​ទៅនឹង​ស្ត្រី​ផង​ដែរ​។​

​អាជ្ញាធរ​ឃុំ សង្កាត់​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​អន្តរាគមន៍​ទៅ​លើ​ករណី​ហិង្សា​លើ​ស្ត្រី ទាំង​ផ្នែក​អប់រំ​ណែនាំ សម្របសម្រួល ផ្នែក​ច្បាប់ ដោយ​មាន​ការសហការ​ជាមួយ​អ្នកពាក់ព័ន្ធ​។ ទន្ទឹម​នឹង​ការជួយ​ពី​អាជ្ញាធរ មន្ទីរ អង្គការ អ្នក​មន្ត្រី​មាន​តួនាទី ក៏​ត្រូវតែ​មាន​ការចូល​រួម​ពី​ខាង​ប្រជាពលរដ្ឋ និង ស្ត្រី​ដែល​រងគ្រោះ​ផ្ទាល់​ផងដែរ​។​

​អត្ថបទ​៖ ម៉ន ឆ​វ័ន្ត​